អាជ្ញាធរខេត្តកណ្ដាលចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយនៅស្រុកពញាឮ
AKP កណ្ដាល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពីការចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រស្រុកពញាឮ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យ អង្កេត និងប្រមូលព័ត៌មានសំណង់ចាស់ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត ធ្វើបច្ចុប្បន្នភាពបណ្តាទីតាំងសំណង់មិនរៀបរយ ពិនិត្យវាយតម្លៃសភាពសំណង់ ដើម្បីកំណត់ថាសំណង់នោះមានសុវត្ថិភាព ឬក៏ហានិភ័យខ្ពស់ ចាត់វិធានការ ដើម្បីគ្រប់គ្រងចំពោះករណីសំណង់ដែលមានសភាពគ្រោះថ្នាក់។

ក្នុងឱកាសចុះពិនិត្យនេះដែរ លោកអភិបាលរងខេត្តក៏បានស្នើដល់ក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការពិនិត្យឱ្យបានច្បាស់លាស់ ដោយកំណត់ឱ្យបាននូវគុណភាពសំណង់ សុវត្ថិភាពសំណង់ និងអាយុកាលនៃការសាងសង់របស់សំណង់ ដូចជាសាលារៀន វត្តអារាម ដែលមានអាយុកាលយូរៗ ដែលអាចប្រឈមដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





