ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញធ្វើការផ្ទេរការិយាល័យបោះឆ្នោតថ្មីចូលសង្កាត់កំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការផ្ទេរការិយាល័យបោះឆ្នោតថ្មីចូលសង្កាត់កំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យឈ្មោះធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅតាមសាលាឃុំ សង្កាត់ ឱ្យបានគ្រប់គ្នា និងទាន់ពេល ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គ.ជ.បបានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើល តាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមទៀតថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលមាន សិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលថ្មីក្នុងឃុំ សង្កាត់ ឬប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ដែលមានបំណង កែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរ ឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យ ជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញបងប្អូនទៅជួបក្រុមចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ដែលបងប្អូនកំពុងរស់នៅ។

ឯកឧត្តមអភិបាលខេត្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយ ខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ៕
ដោយ ស៊ុម វណ្ណា





