ឯកអគ្គរាជទូតថៃ៖ ថៃបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យអប់រំ ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការជាមួយគ្រឹះស្ថានអប់រំថៃ និងវិស័យឯកជនថៃនៅកម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការងាររួមគ្នា សំដៅកសាងមូលធានមនុស្សកម្ពុជា-ថៃ ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ការលើកឡើងរបស់ឯកអគ្គរាជទូតថៃយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ជាមួយនេះដែរ ឯកឧត្តមឯកអគ្គរាជទូតបានរំលេចពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំកម្ពុជា និងគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន សម្រាប់ការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដោយភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល៣ឆ្នាំបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំកម្ពុជា តាមរយៈការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យល្បីៗនៅប្រទេសថៃ និងការអនុវត្តគម្រោងនានាដូចជា គម្រោងស្រាវជ្រាវរួមគ្នា គម្រោងអភិវឌ្ឍន៍បំណិនជីវិតនៅតាមសាលារៀន គម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ សម្រាប់សកលវិទ្យាល័យមួយចំនួននៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





