ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធចំបាប់ អាណត្តិថ្មីបន្តការខិតខំ ដើម្បីបន្តថែរក្សាប្រភេទកីឡាសក្តានុពល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាអាណត្តិថ្មីបានជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ទី៨ ឆ្នាំ២០២៥-២០២៩ ប្តេជ្ញាចិត្តរួមគ្នាបន្តដំណើរការអភិវឌ្ឍឱ្យរក្សាបាននូវប្រភេទកីឡាមានសក្តានុពល ដើម្បីបន្តស្វែងរកមេដាយជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិនានាបន្ថែមទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ទី៨ សម្រាប់ឆ្នាំ២០២៥-២០២៩ ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញចក្ខុវិស័យដោយបន្តការបណ្ដុះបណ្ដាលធនធានថ្នាល បង្កើនចំនួនអត្តពលិកទម្ងន់ធ្ងន់ ការគ្រប់គ្រងការងារប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមក្រិតក្រម និងការអភិវឌ្ឍបច្ចេកទេសទាំងធនធានអត្តពលិក អាជ្ញាកណ្ដាលចៅក្រម ក៏ដូចជាគណៈកម្មការជំនាញៗមួយចំនួនគឺជាការងារសំខាន់ៗ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាត្រូវធ្វើក្នុងអាណត្តិថ្មី ២០២៥-២០២៩។

ប្រធានសហព័ន្ធអាណត្តិថ្មីរូបនេះក៏ជំរុញឱ្យមានគណៈកម្មការចំបាប់បុរាណក៏ត្រូវបានបង្កើតឡើងផងដែរ ក្នុងអាណត្តិថ្មីនេះ។ ជាមួយគ្នានេះ កញ្ញា កង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានបង្ហាញសមិទ្ធផល ដែលប្រឹងប្រែងសម្រេចបានក្នុងអាណត្តិទី៧កន្លង ហើយជាការកត់សម្គាល់ខ្លាំង គឺចំបាប់កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាង ១០០គ្រឿង ក្នុងការប្រកួតអន្តរជាតិចំនួន៨ធំៗ។

គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មីនេះមានចំនួន១៣រូប ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អមដោយអនុប្រធាន៤រូប គឺឯកឧត្តម សំ សោភាន់ លោក ខេស៊ី បាណេត លោក ហុក ឈាងគីម និងលោក ស៊ឹម ទូច។ ចំពោះអគ្គលេខាធិការ គឺកញ្ញា កាង ណុចបវរ បន្តក្នុងដំណែងនេះពីអាណត្តិចាស់មកដដែល ស្របពេលដែល លោក អន សុវឌ្ឍីយ៉ា ជាអគ្គហេរញ្ញឹក ព្រមទាំងមានសមាជិក៦រូបផ្សេងទៀត៕
ដោយ ហេង ណាលីន





