ឯកឧត្ដម ជា សុមេធី ជួបប្រជុំជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ផ្ដោតសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំបន្ទាន់ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដោតជាសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងសង្គមកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ផងដែរថា ក្រសួងនឹងពិភាក្សាជាមួយមន្ត្រីផ្នែកច្បាប់ដើម្បីរៀបចំក្រុមការងារអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





