ពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- នៅវិទ្យាល័យ ហ៊ុន សែន បូរី ១០០ខ្នង សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចំនួន១០០នាក់ (ស្រី៧២នាក់) ដឹកនាំដោយលោក ប៉ាត ប៊ុនផា ប្រធានការិយាល័យធនធានមនុស្ស និងអភិវឌ្ឍស្ថាប័នសាខា និងលោក មី សុមនី នាយករងវិទ្យាល័យ។

ក្នុងឱកាសនោះ លោកនាយករងវិទ្យាល័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា ដែលបានមកបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សប្រចាំវិទ្យាល័យរបស់លោក។

លោកសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហើយ សិក្ខាកាមទាំងអស់ពិតជាបានយល់ច្បាស់ពីប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម។ល។ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជាពេញលក្ខណៈ សំដៅដើរតួនាទីជាយុវជនគំរូឈានមុខទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលើកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





