អាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

ការចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយ នៅរមណីយដ្ឋានប្រាសាទកោះកេរ របស់អាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ គឺក្រោមការគាំទ្រដោយវដ្តជំនួយឧបត្ថម្ភអន្តរជាតិ២០២៤/២០២៥ របស់អនុសញ្ញាបេតិកភណ្ឌពិភពលោក។ ទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងបេសកកម្មនេះ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងអំពីបេតិកភណ្ឌពិភពលោក និងការប្រែប្រួលអាកាសធាតុ ដោយអង្គការយូណេស្កូ និងទីប្រឹក្សាគម្រោងដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសិស្សានុសិស្ស សរុប៥៥នាក់៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





