អាជ្ញាធរទន្លេសាបបើកកិច្ចប្រជុំស្តីពីការចុះពិនិត្យផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពអំពីការប្រើប្រាស់ បម្រែបម្រួលគម្របដី ប្រភពធនធានទឹក ក្នុងតំបន់២ និងតំបន់១
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងស្រង់ទិន្ន័យ ព័ត៌មាន អំពីការប្រើប្រាស់ បម្រែបម្រួលគម្របដី ប្រភពធនធានទឹក និងធនធានធម្មជាតិ ស្ថិតក្នុងតំបន់២ និងតំបន់១ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងខេត្តពាក់ព័ន្ធ រួមមាន ខេត្តកំពង់ចាម កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៨ និងមន្រ្តីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើពីរចំណុចសំខាន់ៗ៖ ទី១. កម្រងសំណួរអង្កេតស្តីពីការធ្វើបច្ចុប្បន្នភាពប្រជាសាស្រ្ត សេដ្ឋកិច្ចសង្គម ការប្រើប្រាស់ បម្រែបម្រួលគម្របដី ប្រភពធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធស្ថិតក្នុងតំបន់២ និងតំបន់១ ក្នុងភូមិសាស្រ្តខេត្តទាំង៨ ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ និងខេត្តចំនួន២ ពាក់ព័ន្ធនៃបឹងទន្លេសាប មានខេត្តកណ្តាល និង ខេត្តកំពង់ចាម និងទី២. ការរៀបចំផែនការសកម្មភាពចុះអនុវត្តប្រមូលទិន្នន័យនៅថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ។

ការធ្វើបច្ចុប្បន្នភាពប្រជាសាស្រ្ត សេដ្ឋកិច្ចសង្គម ការប្រើប្រាស់ បម្រែបម្រួលគម្របដី ប្រភពធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធស្ថិតក្នុងតំបន់២ និងតំបន់១ ក្នុងភូមិសាស្រ្តខេត្តទាំង៨ ជុំវិញបឹងទន្លេសាប និងខេត្តពាក់ព័ន្ធ មាន ៣៤ក្រុង ស្រុក ២២៥ឃុំ សង្កាត់ និង១ ៩៨៩ ភូមិ ដែលជាផែនការសកម្មភាពមួយក្នុងចំណោមសកម្មភាពដទៃទៀតរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥នៃផែនការយុទ្ធសាស្រ្តអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប (២០២៥-២០២៨)៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





