សិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ»
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» ដែលជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយសិក្ខាសាលានេះមានរយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ និងទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប។

ក្នុងឱកាសនោះ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ និងបានលើកឡើងនូវ៣ចំណុចសំខាន់ៗ រួមមាន៖ ១-ត្រូវមានផែនការច្បាស់លាស់ ២-កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣-ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្លុះបញ្ចាំងពីបទពិសោធន៍ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ កំណត់នូវបញ្ហាប្រឈម និងការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ ដាក់ចេញ និងអនុវត្តនូវសកម្មភាពគន្លឹះនានានៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។ មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានដំណើរការវិភាគមុខងាររយៈពេលមួយឆ្នាំពេញដោយភាពរលូន។ តាមរយៈការគិតគូរ និងការរៀបចំប្រតិបត្តិរបស់យើងគ្រប់ជ្រុងជ្រោយនេះបានធ្វើឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន។ ទាំងនេះ បានបង្ហាញពីសមត្ថភាពរបស់មន្រ្តីរាជការកម្ពុជាក្នុងការអនុវត្តការងារប្រកបដោយភាពហ្មត់ចត់។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមទៀតថា ការវិភាគមុខងារ ដែលយើងបាន និងកំពុងអនុវត្តជាជំហានៗ គឺដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ ការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមកៀរគធនធានបន្ថែមឆ្ពោះទៅកាន់ទស្សនវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបថា សិក្ខាសាលានេះបានរៀបចំវេទិកាចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ» របស់អ្នកជំនាញនៃធនាគារពិភពលោក បទបង្ហាញស្តីពី «ស្ថានភាពបច្ចុប្បន្ននៃការផ្តល់សេវាសាធារណៈនៅតាមក្រសួង ស្ថាប័ន ចំនួន៥» និងកិច្ចពិភាក្សាលើទិសដៅអនុវត្ត ឆ្ពោះទៅកាន់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្តោតលើមុខងារគាំទ្រ៖ ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងមុខងារសាធារណៈ)





