លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន២៥នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ដែលស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការបាននាំនូវព្រះរាជបណ្តាំ និងការផ្តាំផ្ញើពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះកម្លាំងអ្នកស្ម័គ្រចិត្តរបស់យើងដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

ជាមួយគ្នានេះ លោកជំទាវបានរំលឹកពីប្រវត្តិនៃការកកើតកម្លាំងអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តរបស់ពិភពលោក។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧របស់ចលនា និងវិជ្ជាសង្គ្រោះបឋម ដែលអាចយកទៅអនុវត្តបានក្នុងការជួយដល់ប្រជាពលរដ្ឋនៅសហគមន៍ដែលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាត្រូវក្តាប់ឱ្យបាននូវស្ថានភាពគ្រួសារងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ដើម្បីជួយពួកគាត់ឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើការងារត្រៀមបង្ការ ដែលផ្តោតលើសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងន័យនេះ អគ្គលេខាធិការបានអំពាវនាវសូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អ ដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងប្រៃពេក ដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺមហារីកជាដើម។ បន្ថែមពីនេះក៏សូមចូលរួមជួយថែរក្សា និងការពារបរិស្ថានឱ្យបានល្អ គឺត្រូវចាប់ផ្តើមពីការមិនប្រើថង់ប្លាស្ទិក ឬរបស់ប្លាស្ទីកផ្សេងៗរហូតដល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការដុតសំរាមដែលនាំឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ហើយត្រូវនាំគ្នាដាំដើមឈើ ដើម្បីទប់ទល់បានទៅនឹងការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានជំរុញប្រជាពលរដ្ឋឱ្យបន្តចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីជួយលើកកម្ពស់ជីវភាពដល់បងប្អូននៅទីនេះឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបគឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញដើម្បីអភិវឌ្ឍបម្រើផលប្រយោជន៍ដល់ប្រជាកសិករបានកាន់តែច្រើន។ សហគមន៍កសិកម្មទំនើបគឺជាក្រុមហ៊ុនរបស់កសិករ មានន័យថាកសិករទាំងអស់ដែលស្ថិតក្នុងសហគមន៍គឺជាម្ចាស់ទាំងអស់គ្នារកបានចំណេញខាតចែកគ្នា ក្នុងនោះ៖ ទី១. ធ្វើការដាំដុះរួមគ្នា ធ្វើផលិតកម្មដំណាំ ធ្វើផលិតកម្មស្រូវ ចិញ្ចឹមត្រីជាដើម។ ទី២. អាចលក់ដូរផលិតផលកសិកម្មទាំងអស់ទៅទីផ្សារដើម្បីរកប្រាក់ចំណេញ។ ទី៣. កែច្នៃផលិតផលកសិកម្មទៅជារបស់ហូបសម្រាប់លក់ដើម្បីបង្កើនតម្លៃនៃផលិតផលរបស់ខ្លួន។

ក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី និងសហការី ក៏បានបន្តចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ គ្រួសារជួបការលំបាក ចំនួន៣គ្រួសារ និងឧបត្ថម្ភដល់កម្លាំងអ្នកស្ម័គ្រចិត្តផងដែរ។ លោកជំទាវក៏បានឧបត្ថម្ភដល់សិស្សានុសិស្សដែលចូលរួម នូវសៀវភៅសរសេរ ១ក្បាល ប៊ិច១ដើម ព្រមទាំងបានប្រគល់ជូននូវព្រះបរមឆាយាលក្ខណ៍ សម្រាប់ដាក់តាំងក្នុងវិទ្យាល័យ និងមន្ទីរពេទ្យ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងផងដែរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





