នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចកោតសរសើរដល់សុខាភិបាលកម្ពុជាចំពោះវឌ្ឍនភាពធំៗ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិបាលកម្ពុជាចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម (Primary Health Care) ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។ល។ ការកោតសរសើររបស់លោកវេជ្ជបណ្ឌិតបានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងប្រតិភូ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ សហព័ន្ធស្វីស។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតនាយកអង្គការបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់វិភាគទានរួមចំណែកសម្រាប់យុទ្ធនាការកៀរគរមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការសុខភាពពិភពលោក (Investment Round) ដែលនេះគឺជាកាយវិការដ៏ល្អប្រពៃនៃកម្ពុជា។ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពីស្ថានភាពរបស់អង្គការសុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាពសុខាភិបាលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ជូនដល់វិស័យសុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ ដូចជា ការថែទាំសុភាពបឋម ការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេងការប្រយុទ្ធនឹងជំងឺមិនឆ្លងជាដើម។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានស្វាគមន៍ដំណើរទស្សនកិច្ចនៅកម្ពុជាម្តងទៀត របស់លោកនាយកប្រចាំតំបន់ក្នុងឆ្នាំនេះ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





