លោក ទូច សុឃៈ ចាត់ទុកវត្តមានក្រុមហ៊ុន២០០ទៀត នៅព្រះសីហនុថាជាមនុញ្ញផលនៃសន្តិភាព និងភាពកក់ក្ដៅនៃសន្តិសុខសណ្ដាប់ធ្នាប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានធ្វើឡើងចំពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាន និងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។
បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគផងដែរ។
លោក ទូច សុឃៈ បានបន្តថា ជាក់ស្តែងក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការបានយកចិត្តទុកដាក់លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុបន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមានភាពកក់ក្ដៅ ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុគឺជាទឡ្ហីករណ៍។
គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន១៧២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តក្នុងទំហំទុនសរុបជាង ២.៥ ប៊ីលានដុល្លារអាម៉េរិក និងអាចផ្ដល់ឱកាសការងារបានជាង១២ម៉ឺនកន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រភពទុនវិនិយោគដែលឈានមុខគេក្នុងត្រីមាសទី១នេះ រួមមាន ចិន កម្ពុជា សិង្ហបុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋអាមេរិក និងកាណាដា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





