ខណ្ឌរដ្ឋបាលជលផលកំពតលែងអណ្ដើកសមុទ្រ១ក្បាលទម្ងន់១០គីឡូក្រាមចូលទៅសមុទ្រវិញ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ខណ្ឌរដ្ឋបាលជលផលកំពត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានទទួលអណ្ដើកសមុទ្រចំនួន០១ក្បាល (ប្រភេទល្មិច) មានទម្ងន់១០ គីឡូក្រាម បណ្ដោយប្រវែង៤៧សង់ទីម៉ែត្រ ទទឹងប្រវែង ៤១សង់ទីម៉ែត្រ ពីអ្នកនេសាទឈ្មោះ ខេង ហាប់ នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ក្រោយពីទទួលបានខណ្ឌរដ្ឋបាលជលផលកំពត បានសហការជាមួយអង្គការWEA ចុះទៅត្រួតពិនិត្យ ដោយមើលឃើញថាសុខភាពអណ្ដើកមានសុខភាពល្អ យើងក៏បានធ្វើការលែងទៅវិញដោយភ្ជាប់លេខកឹប KH 2153 ដោយមានការចូលរួមពីគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ និងប្រជានេសាទ។

ខណ្ឌរដ្ឋបាលជលផលកំពតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ខេង ហាប់ ដែលបានប្រគល់អណ្ដើក០១ក្បាលនេះ ជូនដល់ខណ្ឌដើម្បីលែងទៅសមុទ្រវិញ៕
ដោយ ណយ នឿន





