វគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ នៅខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ ដើម្បីបង្កើននូវការយល់ដឹងជូនដល់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “បរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ” ព្រមទាំងអាចនាំយកចំណេះដឹងទៅប្រើប្រាស់បន្តប្រកបដោយប្រសិទ្ធភាព។

លទ្ធផលរំពឹងទុកពីវគ្គបណ្តុះបណ្តាលនឹងចូលរួមបង្កើនសមត្ថភាពអ្នកចូលរួមទទួលបាននូវចំណេះដឹងអំពីគោលគំនិតយេនឌ័រ និងក្របខ័ណ្ឌបញ្ជ្រាបយេនឌ័រនៅកម្ពុជា ក្នុងដំណាក់កាលនៃការធ្វើបរិវត្តកម្មយេនឌ័រ ព្រមទាំងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រក្នុងវិស័យដែលនឹងអាចនាំយកចំណេះដឹងទាំងនេះអនុវត្តការងារប្រចាំថ្ងៃ និងធ្វើការចែករំលែកជាមួយអ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងជាពិសេសក៏បានបង្កើនទំនាក់ទំនងបណ្តាញក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃក្នុងការបន្តស្មារតី និងរួបរួមកម្លាំងសាមគ្គីអនុវត្តការងារលើកម្ពស់សមភាពយេនឌ័រ ដែលជាចំណែកដ៏សំខាន់ក្នុងការពន្លឿននូវចក្ខុវិស័យរបស់កម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមផ្តល់មតិចំណាប់អារម្មណ៍ពីលោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាដោយលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងប្រធានក្រុមការងារយេនឌ័រនៃក្រសួងកិច្ចការនារីផងដែរ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





