រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្រសួងអប់រំកំពុងសហការជាមួយក្រសួងមុខងារសាធារណៈរៀបចំជាគោលការណ៍ នីតិវិធី ក្នុងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងកាលពីពិធីបិទសន្និបាតអប់រំឆ្នាំសិក្សា២០២៣-២០២៤ ពាក់ព័ន្ធនឹងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ក្រសួងអប់រំ យុវជននិងកីឡា បាន និងកំពុងសហការជាមួយក្រសួងមុខងារសាធារណៈរៀបចំជាគោលការណ៍ នីតិវិធី ក្នុងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា ដើម្បីធានាបាននូវការផ្ដល់ការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន យ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ចំពោះរយៈពេលវែងគឺរយៈពេល១០ឆ្នាំខាងមុខគ្រូបង្រៀនជាប់កិច្ចសន្យាត្រូវមានកម្រិតបណ្ដុះបណ្ដាលបរិញ្ញាបត្រដោយប្រើរូបមន្ត ១២+៤ ឬ បរិញ្ញាបត្រ+១ ជាការបណ្ដុះបណ្ដាលឱ្យមានអាជ្ញាបណ្ណ ដែលការបណ្ដុះបណ្ដាលត្រូវផ្ដោតទៅលើវិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ ទាំងគ្រូបង្រៀនកិច្ចសន្យាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ឯកឧត្តមបានផ្តល់ជាអនុសាសន៍ឱ្យរៀបចំជាគោលការណ៍ក្នុងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាទៅតាមកម្រិតសញ្ញាបត្រ ការវាយតម្លៃ និងគុណវុឌ្ឍិ ដោយរៀបជាស្ដង់ដារួមមួយ ការរៀបចំឱ្យប្រឡងដោយផ្ដោតលើអំណានដំបូង គណិតដំបូង ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ រៀបចំបណ្ដុះបណ្ដាលទាំងផ្ទាល់ និងអនឡាញ ដោយផ្ដល់ជាក្រេឌីត ដើម្បីបំពេញគុណវុឌ្ឍិឈានទៅបរិញ្ញាបត្រ រៀបចំជាគោលការណ៍ និងគោលនយោបាយដោយមានភាពទន់ភ្លន់ក្នុងការជ្រើសរើសអ្នកមានសមត្ថភាពដោយឆ្លងកាត់ការប្រឡង និងត្រូវមានការបណ្ដុះបណ្ដាលណាមួយ ឬត្រូវមានយន្តការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា នាពេលអនាគតក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យបន្តពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាសម្រាប់គ្រូមត្តេយ្យសិក្សាត្រូវមានកម្រិតយ៉ាងតិច១២+២ ឬបរិញ្ញាបត្រ+១ រីឯគ្រូបឋមសិក្សាត្រូវមានកម្រិតយ៉ាងតិច ១២+៤ ឬបរិញ្ញាបត្រ+១ ចំណែកគ្រូបឋមភូមិត្រូវមានកម្រិតយ៉ាងតិច១២+៤ ឬបរិញ្ញាបត្រ+១ និងគ្រូទុតិយភូមិត្រូវមានកម្រិតបរិញ្ញាបត្រ+២៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





