មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំសំបូរណ៍
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោង QSA បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី ដោយអញ្ជើញចូលរួមពីមន្រ្តីមន្ទីរកិច្ចការនារីខេត្ត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកប្រាសាទសំបូរ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមសិប្បកម្មស្រ្តីតម្បាញឬស្សី រំពាក់ ផ្តៅ និងប្រជាពលរដ្ឋ ក្នុងឃុំសំបូរណ៍ នៅរោងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ក្នុងភូមិអូរគ្រូកែ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ៦០នាក់ (ស្រី៤៨នាក់)។

លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍ថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារ និងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលជាទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯង និងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម។ ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នា ជាមួយ បុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។

ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនិងជំរុញឱ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គមដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារជាពិសេសជាងនេះទៅទៀតលោកស្រីក៏បានលើកទឹកចិត្តឱ្យស្រ្តីចេះថែទាំសុខភាពឱ្យបានល្អមានអនាម័យ និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់រាលខែ ព្រោះសុខភាពជាបញ្ហាចម្បងសម្រាប់យើងម្នាក់ៗ៕

ដោយ ស៊ុម វណ្ណា





