ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវភ្លៀងរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមរភូមិទិសទី១ យោធភូមិភាគទី៤
AKP ព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក នាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនកងកម្លាំងប្រដាប់អាវុធចំណុះសមរភូមិទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ព្រមទាំងនាយទាហាន នាយនគរបាលជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល នាយនគរបាលរង ពលនគរបាលដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងឈរជើងតាមព្រំដែនសមូរភូមិទិសទី១ផងដែរ។ ដោយមើលឃើញពីទុក្ខលំបាកក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាពពេលបំពេញភារកិច្ចនៅរដូវវស្សា។

ឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមរភូមិទិសទី១ទាំងអស់ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារទឹកដីតាមបន្ទាត់ព្រំដែនបានយ៉ាងល្អ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក៕


ដោយ ទិត ស្រ៊





