ឧត្តមសេនីយ៍ទោ ហេង សុផល បំផុសស្មារតីដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យសមិទ្ធផលនានានៃអធិការដ្ឋាននគរបាលស្រុកសន្ទុក និងចុះសាកសួរសុខទុក្ខកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផល មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលនានាដែលបងប្អូនកងកម្លាំងយើងសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កសាងជំរុំជំរកកន្លែងស្នាក់នៅ របង ក្លោងទ្វារ អគាររដ្ឋបាល បន្ទប់ប្រចាំការ ផ្ទះបាយ បន្ទប់អនាម័យ រៀបចំតុបតែងមានសណ្តាប់ធ្នាប់ និងចាក់ដីលុបបំពេញដាំដើមឈើយ៉ាងមានសោភ័ណភាព។

ឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ណែនាំដល់កងកម្លាំង៖ ១. ត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំដឹកនាំកងកម្លាំងអនុវត្តតួនាទីភារកិច្ចជាប្រចាំថ្ងៃ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ។ ២. ត្រូវរៀបចំផែនការសកម្មភាពដើម្បីជាត្រីវិស័យសម្រាប់អនុវត្តជោគជ័យ បែងចែកប្រគល់ភារកិច្ចដល់មន្ត្រីគ្រប់ៗរូប តាមឋានានុក្រម ផ្លាស់ប្តូរវេនប្រចាំការ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល រង់ចាំទ្រោលសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនិងការងារផ្តល់សេវារដ្ឋបាល។ ការងារល្បាតតាមគោលដៅងាយរងគ្រោះ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយសហការជាមួយកម្លាំងប្រជាការពារ។ ៣. ការងារចុះធ្វើរដ្ឋបាលតាមខ្នងផ្ទះប្រជាពលរដ្ឋ ចែកលេខទូរសព្ទសម្រាប់កិច្ចអន្តរាគមន៍ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់ទំនាក់ទំនងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលមានតម្រូវការចាំបាច់នាគ្រាដែលមាន ហេតុការណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ។ ៤. ការអនុវត្តលើការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់។ ៥. ការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោស្នងការបានដាស់តឿនដល់កងកម្លាំងត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ ដើម្បីចុះផ្សព្វផ្សាយធ្វើវេទិកាសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ព្រមទាំងបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំតាមគោលការណ៍៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





