សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅស្រុកជាំក្សាន្ត
AKP ព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយក្រុមការងារ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះនាយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ចំនួន១២គ្រួសារ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

លោកជំទាវ ចឹក ហេង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះបណ្តាលឱ្យបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀតជាច្រើន។

លោកជំទាវបានបន្ថែមថា សម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ និងបានផ្តាំផ្ញើឱ្យបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ និងត្រូវមានការប្រុងប្រយ័ត្ន ពេលមានភ្លៀងផ្គរ ត្រូវបិទទូរសព្ទ រកកន្លែងមានសុវត្ថិភាព ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សូមជម្រាបជូនថា សម្ភារដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (សារុង១ មុង១ ភួយ១ ក្រមា១) តង់១ និងថវិកាមួយចំនួន៕


ដោយ ទិត ស្រ៊





