សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌នៅក្នុងតំបន់បឹងទន្លេសាប
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករចំនួន៥តោន មីជាតិចំនួន២០០កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤០០យួរ និងត្រីខកំប៉ុងចំនួន២០កេសសម្រាប់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយពិធីប្រគល់ទទួលបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងបានរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍ប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី អំពីសកម្មភាពកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការជាមួយនឹងកងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញនិងអាជ្ញាធរដែនដីក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ហើយបច្ចុប្បន្នកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងបន្តគ្រប់គ្រងការពារទប់ស្កាត់មិនឱ្យកើតមានឡើងវិញជាថ្មីទៀតនូវបទល្មើសនេសាទខុសច្បាប់នេះបានទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងទន្លេសាប ដែលភាគច្រើនប្រកបរបរនេសាទដែលបងប្អូនប្រជានេសាទមួយចំនួនធំអបអរសាទរចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ តែប្រជានេសាទមួយចំនួនតូចដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មិនសប្បាយចិត្តចំពោះការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនបានគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងប្រទេសជាតិឡើយ។ជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនមានជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារមនុស្សធម៌ និងបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានជាអាទិ៍ បទល្មើសព្រៃឈើ និងបទល្មើសនេសាទទទួលបានលទ្ធផលល្អ ធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះសកម្មភាពនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀតជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ការពារឱ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត និងត្រូវបន្តធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងជាង១៧លាននាក់នៅទូទាំងប្រទេស និងអ្នកជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





