ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ នៅទូទាំងខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-- នៅវត្តសីហរតនារាម ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ នៅទូទាំងខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះអធិបតីភាពសម្ដេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវ ព្រះបាឡាត់គណខេត្ត អនុគណក្រុង-ស្រុក មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តំណាងក្រសួងធម្មការ និងសាសនា អភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ក្រុមយុវជន សិស្សនិស្សិត យាយជីតាជី ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាច្រើនអង្គ/នាក់ផងដែរ។

សម្ដេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានធ្វើការណែនាំ និងរំឭកដល់អនុគណក្រុង-ស្រុកក្នុងខេត្តតាកែវ និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធិកសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត។ តាមរយៈការពង្រីកការសិក្សាបន្ថែម គ្រប់កម្រិតថ្នាក់ដល់សាមណសិស្ស ដើម្បីរួមចំណែកធ្វើឲ្យវិស័យពុទ្ធសាសនាកាន់តែរីកចម្រើន។ វិស័យពុទ្ធិកសិក្សាគឺជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាមូលដ្ឋានគ្រឹះនៃចរិយាធម៌ គុណធម៌ សីលធម៌ ក្នុងការពង្រឹងនូវគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ដ្នាក់ក្នុងជួរមន្ត្រីសង្ឃ ដើម្បីឲ្យកិច្ចការព្រះពុទ្ធសាសនាមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវការសាមគ្គីភាពប្រសិទ្ធភាពក្នុងជួរពុទ្ធសាសនិកជន។

ទន្ទឹមនឹងនេះ សម្ដេចបានមានសង្ឃដីកាបន្ថែមថា បច្ចុប្បន្ននេះក្រសួងធម្មការ និងសាសនា ពិសេសព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ បានបន្តយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះវិស័យពុទ្ធិកសិក្សា ដោយបានពង្រីកសាលាពុទ្ធិកសិក្សានៅគ្រប់ក្របខ័ណ្ឌទូទាំងប្រទេស។ ក្នុងន័យសំដៅធ្វើយ៉ាងណា ពង្រឹង និងពង្រីកចំណេះដឹងផ្នែកធម្មវិន័យពីថ្នាក់ក្រោមដល់ថ្នាក់លើ បង្កើននូវធនធានព្រះសង្ឃកាន់តែច្រើន ដើម្បីរួមចំណែកជួយកិច្ចការវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋកាន់តែមានការរីកចម្រើន និងមានសេចក្ដីថ្លៃថ្នូរជូនជាតិមាតុភូមិបន្តទៀត៕



ដោយ អ៊ុច សៀង





