ឯកឧត្តម សាយ សំអាល់ អញ្ជើញពិនិត្យឆ្នេរនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មន្ត្រីបច្ចេកទេស និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យឆ្នេរនៅឃុំកែវផុស ស្រុកស្ទឹងហាវមានដូចជា (ហៅឆ្នេរតាបារាំង និងឆ្នេរកែវផុស ក្នុងភូមិសាស្រ្ត ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសដឹកនាំមន្ត្រីពាក់ព័ន្ធក្រសួងដែនដី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរស្រុក ចុះពិនិត្យ ស្ថានភាពតំបន់ឆ្នេរ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ មាន ដូចជា ឆ្នេរថ្មរៀង ស្ថិតនៅភូមិឬទ្ធី១ ចាប់ពីព្រំប្រទល់កំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង និងបន្តចុះពិនិត្យឆ្នេរអណ្ដូង (ឆ្នេរតាបារាំង) ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយឆ្នេរទាំង ២ខាងលើនេះ មានសក្តានុពលជាឆ្នេរមានខ្សាច់សរក្បុះ និងមានរុក្ខជាតិដុះចម្រុះនៅតាមដៃព្រែក អមឆ្នេរមានដូចជា ដើម កោងកាង ក្រញឹប ស្ងាវ ។ល។

ទន្ទឹមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ត្រូវចូលរួមសហការគ្នាថែរក្សាការពារអនាម័យ បរិស្ថាន និងអភិរក្សឆ្នេរទាំងពីរនេះជាលំហឆ្នេរសធា រណៈ ដើម្បីសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកលេងកម្សាន្ត ព្រោះឆ្នេរទាំងពីរខាងលើនេះ មានឆ្នេរខ្សាច់ជាលក្ខណធម្មជាតិមិនមាន ការកែច្នៃ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារដើមឈើ និងឆ្នេរខ្សាច់របស់យើងឪ្យ បានល្អ ហើយត្រូវរួមគ្នាធ្វើការដាំដុះដើមឈើបន្ថែម ទៀតនៅតាមឆ្នេរឱ្យមានសោភ័ណភាព អនាម័យ បរិស្ថានកាន់តែល្អស្រស់បំព្រងបន្ថែមទៀតសកសមជាឆ្នេរតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមនាពេលខាងមុខ ជាពិសេសតំបន់ទេសចរណ៍មួយនេះជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋស្រុកស្ទឹងហាវ ខេត្តព្រះសីហនុរបស់យើងឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ក្នុងឪកាសនោះ ឯកឧត្តម ក៏បានបញ្ជាក់ថា ទន្ទឹមនឹងមានឆ្នេរស្អាត យើងក៏មិនត្រូវមើលរំលងអំពីបរិស្ថាន អនាម័យនោះទេ ត្រូវរៀបចំសួនច្បារ ចំណតរថយន្ត និងម៉ូតូឱ្យមានសោភ័ណ ភាព ដោយមានការចូលរួមពីបងប្អូនអាជីវករប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ត្រូវធ្វើយ៉ាងណាថែរក្សាអនាម័យឪ្យបានជាប់ជាប្រចាំ ដើម្បីផលរបរបស់យើងកាន់តែមានការរីកចម្រើន ប្រសិនបើទីតាំងរបស់យើងមានសោភ័ណ ភាពទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍របស់យើងកាន់តែច្រើន នៅពេលខាងមុខជាក់ជាមិនខាន ៕
ដោយ៖ ងូ សុមុនី





