ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម គូសបញ្ជាក់ មន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ខណៈនៅរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺ៣៥០ ប្លោក
AKP ភ្នំពេញ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ – លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគូសបញ្ជាក់ពីតម្រូវការចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះ គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺ៣៥០ ប្លោក។

ដោយមើលឃើញពីតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ផងនោះ បុគ្គលិកក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិជួយសង្គ្រោះជីវិត ដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ស្មារតីនេះ បង្ហាញពីការប្តេជ្ញាចិត្តជាធ្លុងមួយរបស់ បុគ្គលិកស៊ីប៊ីស៊ីកូកា-កូឡាក្នុងការយកចិត្តទុកដាក់ចំពោះប្រជាសហគមន៍ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ក្រុមហ៊ុនខ្លួន។

លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា- កូឡា)បានថ្លែងថា នាខែឧសភានេះ កូកា-កូឡាមានអាយុ ១៣៩ ឆ្នាំ ហើយ និងក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ក៏នឹងឈានចូលអាយុ៦០ឆ្នាំផងដែរ។ លោកបន្ដថា ប្រវត្តិអាយុកាលដ៏យូរឆ្នាំទាំងនេះ រម្លឹកឱ្យយើងដឹងថា វត្តមានរបស់កូកា-កូឡា គឺស្ថិតស្ថេរបានដោយសារការជ្រោមជ្រែងពីកត្តាធនធានមនុស្សមានដូចជា ក្រុមការងារ ដៃគូសហការ និងសហគមន៍ដែលយើងប្រតិបត្តិការជាដើម។ លោកបានបន្ដទៀតថា ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានជ្រើសរើសការតបស្នង តាមរយៈការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។

លោក Paulo Gaspar Rodrigues បានបញ្ជាក់បន្ថែមថា៖ «សកម្មភាពនេះហាក់សាមញ្ញ ប៉ុន្តែជាអំណោយដ៏មានតម្លៃចំពោះបុគ្គលដែលត្រូវការជំនួយដើម្បីសង្គ្រោះអាយុជីវិត។ នេះជារបៀបដែលយើងអបអរសាទរក្នុងឱកាសអបអរខួបនៃការបង្កើតរូបមន្តកូកា-កូឡា តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដោយមានគោលដៅច្បាស់លាស់ ស្របតាមចក្ខុវិស័យ ជម្រើសយើង អនាគតយើង»។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា មន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ហើយគ្រាន់តែនៅក្នុងរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺ៣៥០ ប្លោក ខណៈដែលតម្រូវការឈាមនៅទូទាំងប្រទេសគឺត្រូវការប្រមាណ ១៧៩ ៣៣២ ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមគឺមានលទ្ធភាពផ្គត់ផ្គង់ប្រមាណ ៧៥ភាគរយ នៃតម្រូវការដ៏ចាំបាច់ប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «យើងសូមអរគុណចំពោះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ដែលសហការជាបន្តបន្ទាប់ក្នុងការបរិច្ចាគឈាម។ បុគ្គលិកក្រុមហ៊ុនតែងតែចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាមបន្ទាន់នៅទូទាំងប្រទេស។ សកម្មភាពមនុស្សធម៌នេះ បង្ហាញពីស្មារតីចែករំលែកក្នុងសង្គម ជួយសង្គ្រោះជីវិតមនុស្សយ៉ាងពិតប្រាកដ។»

សូមជម្រាបជូនថា សកម្មភាពស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នេះគឺស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ដែលផ្អែកលើសសរស្តម្ភសំខាន់ ៣ ចំណុច គឺ៖ ភពផែនដី ផលិតផល និងមនុស្ស។ ក្នុងសសរស្តម្ភ «មនុស្ស» ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផ្តោតការយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិករបស់យើង និងសហគមន៍ដែលយើងកំពុងប្រតិបត្តិការ។ តាមរយៈសកម្មភាពជាច្រើន តួរយ៉ាងដូចជា ការបរិច្ចាគឈាមជារៀងរាល់ឆ្នាំនេះ ក្រុមហ៊ុនបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសុខភាពជាតិ និងជំរុញវប្បធម៌នៃការចែករំលែក និងទំនួលខុសត្រូវសង្គម៕


ដោយ៖ រិទ្ធី





