សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរៀបចំដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍ស្នើរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយក្នុងនោះឱ្យមានសកម្មភាពនៃការបង្កើតដាក់ឱ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជា មានដូចជា Facebook, Telegram ,youtube, និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយនូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឱ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា។

កិច្ចប្រជុំនេះ មានគោលដៅសំខាន់ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តន៍បន្ត។
នៅក្នុងកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅចំណុចស្នូលសំខាន់ៗ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចតេជោបានផ្ដល់អនុសាសន៍ ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណា ឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តន៍ជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ ប៉ុន្តែសម្ដេចបានផ្ដល់អនុសាសន៍ឱ្យកែលក្ខន្តិកៈនេះ ក្នុងគោលដៅដើម្បីបញ្ចូល និវត្តន៍ជនទូទៅ ក្នុងនោះ មានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឱ្យមកចូលក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជននេះដែរ។ ទន្ទឹមនេះ នឹងអាចពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីឱ្យមានវិសាលភាពគ្របដណ្ដប់ ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។

ការផ្ដល់អនុសាសន៍បែបនេះរបស់សម្ដេចតេជោ ក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តន៍ជនទូទៅ ដោយមិនទុកពួកគាត់ចោលនោះទេ គឺការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តន៍ជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជនទេ។ នេះជាអនុសាសន៍ថ្មី និងជាការយកចិត្តទុកដាក់ថ្មីរបស់សម្ដេចតេជោ ក្នុងឋានៈសម្ដេចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរដល់ អ្នកចូលនិវត្តន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍ ដើម្បីឱ្យចូលក្នុងក្របខណ្ឌនៃសមាគម ដែលរួមចំណែកក្នុងការជួយដល់ពួកគាត់តាមយន្តការរបស់សមាគមអតីតយុទ្ធជនកម្ពុជា៕

ដោយ៖ ជឹម ណារី





