ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយនាយកសកលផ្នែកសុខភាពនៃធនាគារពិភពលោក និងជានាយកផ្នែកហិញ្ញវត្ថុសកល សម្រាប់ស្រ្តី កុមារ និងយុវវ័យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Juan Pablo នាយកសកលផ្នែកសុខភាពនៃធនាគារពិភពលោក និងជានាយកផ្នែកហិញ្ញវត្ថុសកល សម្រាប់ស្រ្តី កុមារ និងយុវវ័យប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

ឯកឧត្តមស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កម្មវិធីអាហរូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង និងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបណ្តុះបណ្តាលមុនពេលបំពេញការងារ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Juan Pablo បានសម្តែងការកោតសរសើរដល់កម្ពុជា ដែលតែងតែសហការយ៉ាងជិតស្និទ្ធ និងគាំទ្រធនាគារពិភពលោក ក្នុងការជំរុញលើកកម្ពស់សេវាសុខាភិបាលកម្ពុជា ព្រមទាំងប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





