ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញប្រគល់អាវភ្លៀងដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ជូនកងការពារព្រំដែនគោកលេខ៤០៣
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងកម្លាំងប្រដាប់អាវុធ តាមបណ្ដាកងឯកភាពទិសទី២ អន្លង់វែង យោធភូមិភាគទី៤ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនាពេលរដូវវស្សាជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សា។

ក្នុងឱកាសនោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនូវគុណបំណាច់ដ៏ជ្រាលជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងតែងតែគិតគូរដល់សុខភាព ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងបានគោរពជូនពរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





