រដ្ឋបាលខេត្តតាកែវបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការចងក្រងផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២៥
AKP តាកែវ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការចងក្រងផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២៥ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក ដែលជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មការខេត្ត ជំរុញចលនាភូមិ១ផលិតផល១ មន្ត្រីពាក់ព័ន្ធ សិប្បករ និងផលិតករមួយចំនួនក្នុងខេត្តតាកែវចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ បានមានប្រសាសន៍ថា ភូមិ១ផលិតផល១គឺជាចលករមួយដ៏សំខាន់ សម្រាប់ជំរុញ និងបង្កើនសេដ្ឋកិច្ចជាតិក៏ដូចជាបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ឱ្យមានជីវភាពធូរធារបន្ថែមទៀតក្រៅពីការងារស្នូលរបស់ខ្លួន។ ភូមិ១ផលិតផល១គឺជាចលនារស់រវើកមួយ សម្រាប់ជំរុញនិងបង្កើននូវជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យងើបផុតពីភាពក្រីក្រ។ ជួយឱ្យគាត់ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពក្នុងការផលិត ចេះកែច្នៃផលិតផលឱ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពខ្ពស់ ដើម្បីទទួលបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់។

ឯកឧត្តម ផល សុជាតិ បានមានប្រសាសន៍បន្តថា ផលិតផលដែលផលិតឡើងដោយប្រជាជនតាមមូលដ្ឋានមួយ ឬច្រើន ផលិតផលទាំងនោះបានឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់នូវកិត្យានុភាព និងមោទនភាព ចំពោះភូមិដ្ឋានដែលខ្លួនកំពុងរស់នៅ។ ផលិតផលទាំងនោះមានសក្ដានុពល អាចពង្រឹងពង្រីកបាននូវបរិមាណ គុណភាព និងសោភ័ណភាព ដើម្បីបង្កើនបាននូវតម្លៃនិងត្រូវបានទទួលការយល់ព្រមចុះបញ្ជី ដោយគណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១។

លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ខេត្តតាកែវមានផលិតផលសក្ដានុពលជាច្រើន សម្រាប់ដាក់បង្ហាញនិងលក់ក្នុងកម្មវិធីធំៗ ដែលរដ្ឋបាលខេត្តបានរៀបចំ។ផលិតផលទាំងអស់នោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការគាំទ្រនោះដែរ ផលិតករនិងសិប្បករទាំងអស់ ត្រូវបង្កើនការផលិតកែច្នៃវត្ថុធាតុដើមឱ្យចេញជាផលិតផលថ្មីៗ ពិសេសត្រូវមានស្តង់ដារ និងគុណភាពល្អ ដែលបម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងនាំចេញទៅលក់នៅលើទីផ្សារផងដែរ៕
ដោយ អ៊ុច សៀង





