គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំពិភាក្សាការងារសន្តិសុខ និងយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" គន្ធបុប្ផា
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួន ធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ មន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈមួយចំនួន រួមមាន ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ របៀបវារៈនេះត្រូវបានលើកយកមកពិភាក្សាជាអាទិភាព ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពក្នុងខេត្ត ជាពិសេសត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ជាសាធារណៈនានា។ ការរៀបចំព្រឹត្តិការណ៍ជាសាធារណៈដើម្បីគាំទ្រមូលនិធិគន្ធបុប្ផាជាចំណុចស្នូលមួយនៃកិច្ចប្រជុំ។
ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងអំពីការរៀបចំយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ដើម្បីគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផា។ យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្ដមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ពាក់ព័ន្ធនឹងយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" សម្រាប់មូលនិធិគន្ធបុប្ផា ឯកឧត្ដម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា "មូលនិធិគន្ធបុប្ផា មានតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ នេះជាកាតព្វកិច្ចមនុស្សធម៌ដ៏ធំធេងដែលយើងទាំងអស់គ្នាត្រូវរួមចំណែក។ ខ្ញុំសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកូនចៅយើង"។

ឯកឧត្ដមបានបន្ថែមថា យុទ្ធនាការនេះនឹងត្រូវរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព ស្ថាប័ន និងរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាបាននូវភាពជោគជ័យ និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានណែនាំដល់មន្ទីរពាក់ព័ន្ធឱ្យត្រៀមលក្ខណៈ និងរៀបចំផែនការលម្អិតសម្រាប់យុទ្ធនាការនេះ ដើម្បីឱ្យដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ ឈុន សារ៉ាត





