គណៈកម្មាធិការអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) បិទកិច្ចប្រជុំពាក់ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំ រយៈពេល១ថ្ងៃ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្ដសៀមរាប ក្នុងស្មារតីសាមគ្គីភាព និងភាពជាដៃគូវឌ្ឍនភាពតាមតំបន់ រួមទាំងរឹតចំណងស្ថិតស្ថេរបង្រួប បង្រួមគ្នានៅក្នុងបេសកកម្មរួមរបស់អាស៊ាន។

ថ្លែងក្នុងពិធីបិទ ឯកឧត្តម ហង្ស សាមឿន តំណាងឯកឧត្តមកិត្តិបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ បានលើកឡើងថា អាស៊ានបានបង្ហាញយ៉ាងខ្ជាប់ខ្ជួនតាមរយៈកិច្ចសហប្រតិបត្តិការការធ្វើផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ។ យើងអាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងការពារជីវិតជីវភាពរស់នៅរបស់ប្រជាជន។ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ទាំងនេះ ដោយធានាបានថា អាស៊ានឈរជាគំរូនៃភាពធន់ និងការឆ្លើយតបសម្របសម្រួលក្នុងគ្រាមានវិបត្តិ វឌ្ឍនភាពដ៏សំខាន់ដែលអាស៊ានបានធ្វើ ការលះបង់ដោយមិនចេះនឿយហត់របស់អ្នកទាំងអស់ដែលនិងបានរួមចំណែកនៅពីក្រោយឆាកអន្តរជាតិ និងដើម្បីបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងសហគមន៍អាស៊ានដែលមានសុវត្ថិភាព និងរឹងមាំជាងមុន ជាមួយការបដិសណ្ឋារកិច្ចដ៏សប្បុរសដែល បានផ្តល់ឱ្យគ្នា ដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែកគំនិត និងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងភាពជាដៃគូ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងមានអត្ថន័យ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែកគំនិត និងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងភាពជាដៃគូនេះ ជាលើកទី៤៦ហើយ៕

ដោយ សួស សំរិត





