វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ចុះអនុស្សរណៈនៃការយោគយល់ ជាមួយសាកលវិទ្យាល័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យការពារជាតិ នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការ និងជំរុញលើកទឹកចិត្ត ដល់ស្ថាប័នបណ្ដុះបណ្ដាលទាំងពីរក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ ក្នុងឆ្នាំ ២០០៤ និងបានបន្តអនុវត្តដំណាក់កាលបន្តបន្ទាប់ យ៉ាងស្វាហាប់ ដោយទទួលបានជោគជ័យត្រចះត្រចង់។ ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងបានបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងបង្កើតបាននូវអតិរេកសាច់ប្រាក់ ដែលជាមូលដ្ឋានក្នុងការបង្កើនវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗ និងអាចបង្កើនប្រាក់បៀវត្សជូន គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានជាបន្តបន្ទាប់ ដោយបើកផ្តល់ទាន់ពេល និងមានស្ថិរភាព។

ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃ និងបទពិសោធន៍អន្តរជាតិ ការសម្រេចជោគជ័យនៃដំណាក់កាលចុងក្រោយនេះ គឺពឹងអាស្រ័យជាចាំបាច់ទៅនឹងសមត្ថភាពធនធានមនុស្ស និងការចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្មក្នុងភាពជាម្ចាស់ និងដោយឆន្ទៈមុតមាំ ពីគ្រប់ក្រសួងស្ថាប័ន ដោយហេតុថាការកែទម្រង់នេះមានវិសាលភាពកាន់តែទូលាយ និងស្មុគស្មាញ ហើយមានភាពប្រទាក់ក្រឡាស៊ីជម្រៅពាក់ព័ន្ធទៅនឹងកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទតែងចាត់ទុកការហ្វឹកហ្វឺនបណ្តុះបណ្តាល គឺជាការងារ អទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម មិនថាជាកម្លាំងដែលមានស្រាប់ និង កម្លាំងបំពេញបន្ថែមថ្មី ត្រូវទទួលបាននូវការហ្វឹកហ្វឺន និង បណ្តុះបណ្តាល ជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និង ចំណេះជំនាញ ដោយផ្តោតលើគុណភាព និង ការផ្ទេរនូវបទពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្ត ផែនការកំណែទម្រង់ស៊ីជម្រៅ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាព ការអប់រំ និង កិច្ចការស្រាវជ្រាវ របស់ស្ថាប័នបណ្តុះបណ្តាលទាំងពីរ។
សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន និងកំពុងស្ថិតក្នុងដំណាក់កាលទី ៤ (២០២៣-២០២៧) ជាដំណាក់កាលចុងក្រោយ និង ត្រូវបានបន្តគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល និង គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការលើកកម្ពស់កម្រិតជីវភាពជូនប្រជាពលរដ្ឋ៕
ដោយ ទូច វលក័្ខណ





