នគរបាលខេត្តបន្ទាយមានជ័យពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ និងពង្រឹងសន្តិសុខមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥--ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្ត បាន និងកំពុងពង្រឹង និងពន្លឿនយ៉ាងសកម្មនូវការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ កិច្ចការនេះត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបមានឯកសារសំខាន់នេះសម្រាប់ប្រើប្រាស់ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។

កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលបានជំរុញសកម្មភាពនេះបន្ថែមទៀត ដោយផ្តោតលើការសម្រួលនីតិវិធី និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ថា៖ «ការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់មួយរបស់នគរបាល ដើម្បីធានាសិទ្ធិរបស់ពួកគាត់ក្នុងការចូលរួមបោះឆ្នោត និងប្រើប្រាស់សម្រាប់កិច្ចការចាំបាច់ផ្សេងៗទៀត»។

ទន្ទឹមនឹងការផ្តល់សេវាសាធារណៈ កម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ក៏បានបង្កើនការប្រចាំការ និងល្បាត ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រួតពិនិត្យសភាពការណ៍តាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។ គោលបំណងចម្បងគឺរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងត្រៀមបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសព្រហ្មទណ្ឌ និងបាតុភាពក្មេងទំនើងជាដើម។

បន្ថែមពីនេះ កម្លាំងនគរបាលមួយចំនួនត្រូវបានត្រៀមលក្ខណៈជាស្រេចសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិផ្សេងៗ។ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្លាំងនគរបាលក្នុងការបម្រើ និងការពារប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្រៅពីភារកិច្ចស្នូលខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំដល់កម្លាំងនគរបាលទូទាំងខេត្ត ឱ្យចុះអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ នគរបាលក៏បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះផ្ទាល់តែម្តង ដើម្បីភាពងាយស្រួល និងប្រសិទ្ធភាព។
ជាពិសេស នគរបាលបានចូលរួមយ៉ាងសកម្មក្នុងការជួយសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមសាលារៀនជាប្រចាំ។ សកម្មភាពនេះមានគោលបំណងបញ្ចៀសការកកស្ទះ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន ដែលជាផ្នែកមួយនៃការរួមចំណែកដល់សុវត្ថិភាពសាធារណៈ។

សកម្មភាពទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ ឈុន សារ៉ាត





