សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជា
AKP ព្រះសីហនុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីកសាងបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជាមកដល់ពេលនេះ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ ៣២០០០នាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យគ្រប់រដូវកាលក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន នៅក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល ភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។

បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅជំនួបក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងខែមេសា ឆ្នាំ២០២៥ សម្តេចផ្ទាល់និងប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជាមកដល់ពេលនេះ ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេចំពោះនយោបាយចិនតែមួយ និងគាំទ្រការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត" ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តចិន ចំពោះការគាំទ្រនិងការជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





