ជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ
AKP ព្រះសីហនុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥--គម្រោងចំនួន៣ត្រូវបានចុះហត្ថលេខាក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ស៊ូ គុនលីង អភិបាលខេត្តជាំងស៊ូ (ប្រទេសចិន) នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះ ១. គម្រោង Aluvotic Industrial បង្កើនដើមទុនដំណាក់កាលទី២ ចំនួន ៣២លានដុល្លារអាមេរិក។ ២. គម្រោងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈការពង្រឹងហិរញ្ញវត្ថុ និង៣. គម្រោង SSEZ 1,000 Talent។

ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍អភិបាលខេត្តជាំងស៊ូ និងគណ:ប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រវិទ្យាសាស្ត្ររបស់ខេត្ត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មាន៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ ប្រជាពលរដ្ឋ៣១ម៉ឺននាក់ អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ មាន៦ភាគរយ ខេត្តសម្បូរដោយធនធានធម្មជាតិ មានកោះតូច ធំ៣២ ថ្មដុះ១ ថ្មប៉ប្រះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ។ ខេត្តមានឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ រដ្ឋាភិបាលប្រសិទ្ធនាមខេត្តព្រះសីហនុជាតារារះនាទិសនិរតី។ ម្យ៉ាងទៀត ខេត្តព្រះសីហនុជាខេត្តស្នូលនៃឆ្នេរខេត្តទាំង៤របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប រួមបញ្ចូលគ្នាជាឆ្នេរសមុទ្រកម្ពុជា ហើយកាលពីឆ្នាំ២០១១ ឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក។ ខេត្តព្រះសីហនុមាន ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ផ្លូវទឹកមានកំពង់ផែចំនួន៣ កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែក្រុងព្រះសីហនុកំពុងអភិវឌ្ឍជាបីដំណាក់កាលឱ្យមានជម្រៅទឹករហូតដល់១៧,៥០ម៉ែត្រ នៅឆ្នាំ២០៣០ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពីភពលោកអាចចូលចតបាន។ ផ្លូវអាកាសមានផ្លូវរត់ប្រវែង៣ ៣០០ម៉ែត្រ អាចចុះចតយន្ត ហោះប្រភេទ 4E ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានអបអរសាទរជើងហោះហើរត្រង់ពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ក៏មានការដឹកជញ្ជូនតាមផ្លូវទឹកពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ អាចនិយាយបានថា មកទាំងផ្លូវអាកាស និងផ្លូវទឹក។ រាជរដ្ឋាភិបាលបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាង៣០០លានដុល្លារ កសាងផ្លូវក្នុងក្រុងព្រះសីហនុមុនកូវីដ-១៩ រួមទាំងការអនុវត្តគោលនយោបាយ (ខ្សែក្រវ៉ាត និងផ្លូវ) ផ្សារភ្ជាប់នឹងគោលនយោយចតុកោណ និងគោលនយោបាយបញ្ចកោណដំណាក់កាលទី១។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាក៏សាងសង់រូបសំណាក់តំណាងឱ្យអរិយធម៌ និងវប្បធម៌ផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង៣ម៉ឺននាក់។ សូមអបអរសាទតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ ដែលត្រូវសម្ពោធនៅថ្ងៃទី២២ ខែឧសភា ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទទួលក្រុមហ៊ុនវិនិយោគពី៣០០ និង ៤០០ក្រុមហ៊ុននៅពេលខាងមុខ។

ឯកឧត្តម ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងអំណរគុណសម្រាប់ការណែនាំដល់គណ: ប្រតិភូ ហើយកាលពីឆ្នាំ២០២២ យើងបានទទួលស្វាគមន៍អភិបាលខេត្តព្រះសីហនុ នៅខេត្តជាំងស៊ូ ដែលសម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះ មានក្រុមហ៊ុន២០០ នៅតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ។ ខេត្តជាំងស៊ូជាប់សមុទ្រភាគខាងកើតនៃប្រទេសចិន មានប្រជាជន៨៥លាននាក់ សេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើរទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងអនុវត្តនូវកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា តាមរយ គោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ យើងសង្ឃឹមថា និងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០នៅថ្ងៃអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំ២០២៥គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជា ហើយខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ មានភូមិសាស្ត្រស្រដៀងគ្នាបង្កើតបាននូវកិច្ចសហប្រតិ បត្តិការជាមួយគ្នាលើវិស័យអប់រំ សុខាភិបាល ហើយដំណើទស្សនកិច្ចនាពេលនេះផ្តោតសំខាន់ទៅលើការងារមនុស្សធម៏ជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យតាំងត្រាំង ជាំងស៊ូ ព្រមទាំងបាននាំមកនូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ ជួយពិនិត្យព្យាបាលជំងឺបេះដូង និងជំរុញបង្កើតមូលនិធិសប្បុរសធម៍បន្ថែមទៀតក្នុងការជួយគ្នាទៅវិញទៅមក។ ឯកឧត្តមអភិបាលខេត្តជាំងស៊ូក៏បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តជាំងស៊ូ នៅពេលសមស្រប៕

ដោយ ងូ សុមុនី





