មន្រ្តីក្រសួងកសិកម្មប្រាប់ឱ្យកសិករចិញ្ចឹមកង្កែបរួមគ្នាចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- ដោយមើលឃើញពីផលប្រយោជន៍ពិសេសជួយក្នុងការបង្កើនផលិតផល និងក៏ដូចជាងាយស្រួលលក់លើទីផ្សារនោះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករដែលចិញ្ចឹមកង្កែបគប្បីចងក្រងជាសហគមន៍ឱ្យបានត្រឹមត្រូវ។ ការលើកឡើងបែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

បើតាមក្រសួងកសិកម្មបានឱ្យដឹងថា ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងកសិករមួយរូបទៀតដែលភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ ក្រសួងកសិកម្មបានឱ្យដឹងដែរថា ក្នុងពិធីជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់កសិករចិញ្ចឹមកង្កែបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញ លើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។

លើសពីនេះទៀត ឯកឧត្តម ទឹម បូរក្ស ក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ៕

ដោយ៖ មករា





