ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។

ឯកឧត្តម ជា ជាតិ បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះថា ជាផ្នែកមួយនៃអន្ដរាគមន៍គាំទ្រដល់ក្មួយៗសិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង។ ដូច្នេះ ក្មួយៗសិស្សានុសិស្សត្រូវមានភាពបុរេសកម្មក្នុងស្មារតីម្ចាស់ការខ្ពស់លើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ ដើម្បីខ្លួនឯងអាចទទួលបានសមត្ថភាពជំនាញពិតប្រាកដ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ សមស្របតាមសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់គ្នាផងដែរថា ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ក្មួយៗត្រូវទាញប្រយោជន៍ឱ្យអស់លទ្ធភាពពីការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋឌីជីថល ជាមូលធនមនុស្សប្រកបដោយសក្ដានុពល ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម។

ពិធីនេះទទួលបានមានការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន និងសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុបជាង ៣៣២នាក់៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





