រដ្ឋបាលព្រៃឈើ និងKMFCC រៀបចំកិច្ចប្រជុំលើកទី១៦នៃគណៈកម្មការសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- រដ្ឋបាលព្រៃឈើ សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ (KMFCC) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំលើកទី១៦នៃគណៈកម្មការសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ (KMFoCo) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងលោកបណ្ឌិត Kim Kyongha ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមផ្ទាល់ពីសំណាក់មន្រ្តីរដ្ឋបាលព្រៃឈើ និងសមាសភាពប្រទេសជាសមាជិក (ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) សេវាកម្មព្រៃឈើកូរ៉េ (KFS) និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ាន (AFoCO) តាមរយៈវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ាន និងផែនការអនុវត្តគម្រោង REDD+ ថ្នាក់ក្រោមជាតិ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





