អង្គការ NatureLife បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តល្បាតសហគមន៍គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- អ្នកស្ម័គ្រចិត្តល្បាតសហគមន៍ចំនួន៦នាក់ត្រូវបានជ្រើសរើស និងធ្វើការល្បាតជាមួយឧទ្យានុរក្សក្នុងទីតាំងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ចាប់តាំងពីឆ្នាំ២០២៤ មកដល់ពេលនេះ។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ថា ក្នុងពេលល្បាតអ្នកស្ម័គ្រចិត្តសហគមន៍ដើរតួយ៉ាងសំខាន់ក្នុងការអង្កេតតាមដានជីវ:ចម្រុះ អប់រំផ្សព្វផ្សាយ និងសារអន្ទាក់។ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ គម្រោងបានផ្តល់ការបណ្តុះបណ្តាលអំពីការកត់ត្រាទិន្នន័យជីវៈចម្រុះ និងការធ្វើអត្តសញ្ញាណសត្វស្លាប ដោយឡែកក្នុងខែឧសភា ឆ្នាំ២០២៥នេះ គម្រោងឥណទានកាបូន (រេដបូក) ដែនជម្រកសត្វព្រៃលំផាត់ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិ NatureLife នៅកម្ពុជាបានផ្តល់កែវឆ្លុះ និងកាមេរ៉ាដល់អ្នកស្ម័គ្រចិត្តល្បាតសហគមន៍ដើម្បីបង្កើនប្រសិទ្ធភាពនៃការកត់ត្រា និងធ្វើអត្តសញ្ញាណសត្វព្រៃរបស់ពួកគេ។

លើសពីនេះគម្រោងក៏បានផ្តល់សម្ភារល្បាតចាំបាច់មួយចំនួនដូចជា អង្រឹង កាតាប ពិល ស្បែកជើងកវែង អាវភ្លៀង និងឯកសណ្ឋាន ដើម្បីធានាថាអ្នកស្ម័គ្រចិត្តសហគមន៍យើងមានការត្រៀមរួចរាល់សំរាប់ការចុះល្បាតនារដូវវស្សានេះ៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





