ក្រុមការងារ ត្រីវិស័យ ចុះសិក្សាពិនិត្យសក្តានុពលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥-- ក្រុមការងារ «ត្រីវិស័យ» នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានចុះសិក្សាពិនិត្យសក្តានុពលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នានៃក្រសួងទាំង៣។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ថា នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្រសួងកសិកម្មបាននិងកំពុងរៀបចំជាសហគមន៍កសិកម្មទំនើបសម្រាប់ផលិតកម្មម្ទេស តាមកិច្ចសន្យានៅលើផ្ទៃដីជិត៤០ហិកតា ជូនបងប្អូនសម្បទានិកចំនួន១៣៩គ្រួសារ ហើយក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាទំនប់ស្ទាក់ទឹកនិងផ្លូវថ្នល់សំខាន់ៗមួយចំនួនរួចរាល់ដែរ។ ស្របជាមួយគ្នានេះ សហគមន៍ក៏គ្រោងនឹងទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ជាជំនួយឥតសំណងលើប្រព័ន្ធផលិតកម្មនិងប្រព័ន្ធស្រោចស្រព ក្នុងទំហំវិនិយោគមិនតិចជាង ២លានដុល្លារនោះទេ។

ឯកឧត្តម សង្ឃឹមថា នាពេលខាងមុខដ៏ខ្លីនេះ ក្រសួងទាំង៣នឹងអាចកៀរគរធនធាន និងបង្កើនកិច្ចសហប្រតិបត្តិរួមគ្នាបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសហគមន៍មូលដ្ឋាននៅក្នុងតំបន់ដ៏មានសារៈសំខាន់មួយនេះ៕


ដោយ ណយ នឿន





