កាកបាទក្រហមកម្ពុជាចុះប្រគល់សមិទ្ធផលផ្ទះថ្មី២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀតជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងសហការី ចុះប្រគល់ផ្ទះចំនួន២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជានុរាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះរួមមាន ផ្ទះចំនួន២ខ្នង ប្រើពេលវេលាសាងសង់អស់រយៈពេល២ខែ ដែលផ្ទះនីមួយៗមានទំហំ ៥ម៉ែត្រ × ៧ម៉ែត្រ សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្នុងផ្ទះ និងមានចាក់សាបជុំវិញផ្ទះ ហើយផ្ទះនីមួយៗមានតម្លៃ៧.០០០ដុល្លារអាមេរិក ត្រូវបានប្រគល់ជូន៖ ម្ចាស់ផ្ទះទី១ គឺលោក សុវណ្ណ សំអាត អាយុ ៥៤ឆ្នាំ មានពិការភាពបាក់ចង្កេះមិនអាចដើរបាន រស់នៅពីរនាក់ប្តី-ប្រពន្ធ នៅភូមិថ្នល់ ឃុំគោកខ្ពស់។ ចំណែកឯម្ចាស់ផ្ទះទី២ គឺលោក កុយ សៀម អាយុ ៦៩ឆ្នាំ មានពិការភាពដៃម្ខាង រស់នៅជាមួយចៅ ៣នាក់ នៅភូមិអំពិលថ្មី ឃុំអំពិល។ ដោយឡែកអណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់៦.០០០ដុល្លារ ដែលអណ្តូងទី១ សង់នៅផ្ទះលោក ឡឹប យឿត តំណាងឱ្យប្រជាពលរដ្ឋ ៣០គ្រួសារ រស់នៅភូមិប្រិយ៍ ឃុំគោកខ្ពស់។ អណ្តូងទី២ សង់ក្នុងសាលាបឋមសិក្សាភូមិថ្នល់ ស្ថិតក្នុងភូមិថ្នល់ ឃុំគោកខ្ពស់ និងអណ្តូងទី៣ សង់នៅផ្ទះលោក សេង ហ៊ាត តំណាងឱ្យប្រជាពលរដ្ឋ ២០គ្រួសារ រស់នៅភូមិព្រៃវល្លិ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជាបានទទួលនូវព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។ ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះជូន និងប្រគល់ជូននាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ក្នុងមូលដ្ឋាននេះក៏ពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតផងដែរ។» លោកជំទាវ បានគូសបញ្ជាក់ថា សម្រាប់ស្រុកបន្ទាយអំពិល ក៏ធ្លាប់បានទទួលផ្ទះចំនួន២ខ្នង និងអណ្តូង៣ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅផងដែរ។


ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន មិនដុតថង់ប្លាស្ទិក ជាពិសេសប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមីជាដើម។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ជៀសផុតពីជំងឺទាំងឡាយ ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ។

ម្ចាស់ផ្ទះទាំង២ខ្នងខាងលើមានក្តីរំភើបរីករាយឥតឧបមា ដោយមិននឹកស្មានថាបានទទួលជម្រកស្នាក់នៅសមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារផ្ទះបាយ និងថវិកា ៥០ម៉ឺនរៀលទៀតផង។ ចំពោះប្រជាពលរដ្ឋដែលទទួលបានអណ្តូងទាំង៣ ក៏មានក្តីសប្បាយរីករាយ ដោយទទួលបានទឹកប្រើប្រាស់ និងអាស្រ័យផលរៀងៗខ្លួនជាដរាបតទៅ តកូនតចៅ ដែលជួយធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនទៀតឡើយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





