សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺជាចំណុចកំពូលនៃប្រព័ន្ធសាលាបក្សទាំងមូលនៅក្នុងប្រទេសចិន
AKP ប៉េកាំង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺជាចំណុចកំពូលនៃប្រព័ន្ធសាលាបក្សទាំងមូលនៅក្នុងប្រទេសចិន ហើយការបណ្តុះបណ្តាលកម្មាភិបាលត្រូវបានអនុវត្តជាដំណាក់កាល និងត្រូវបានចាត់ថ្នាក់។ នេះបើយោងតាមការលើកឡើងរបស់លោក កុង វៃពីង (Gong Weibin) នាយករងសាលាបក្ស នៅចំពោះមុខអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាង ១២០នាក់ដែលបានទៅបំពេញទស្សនកិច្ចនៅសាលាបក្សនោះកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង។
សាលាបក្សនេះត្រូវបានប្រើប្រាស់ជាវេទិកាសម្រាប់គណៈប្រតិភូក្នុងការទទួលបានចំណេះដឹងថ្មីៗ ពង្រឹងស្មារតីស្នេហាជាតិ និងលើកកម្ពស់គុណភាពសីលធម៌ និងមនោគមវិជ្ជារបស់កម្មាភិបាលបក្ស។ លើសពីនេះទៀត វាក៏ពង្រឹងនូវទំនាក់ទំនងរវាងមជ្ឈឹមបក្ស និងវិស័យផ្សេងៗ ដើម្បីរួមគ្នាបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពផងដែរ។


លោកនាយករងក៏បានគូសបញ្ជាក់ផងដែរអំពីការបណ្តុះគុណធម៌របស់គណៈកម្មាភិបាល ជំរុញលទ្ធផលដ៏មានតម្លៃក្នុងការរៀនសូត្រ ការសម្របសម្រួល និងការកសាងសាមគ្គីភាពក្នុងចំណោមវិស័យនានា។
លោក កុង បានពន្យល់ថា អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅសាលាមជ្ឈិមបក្ស ជាទូទៅមកពីមជ្ឈដ្ឋានមួយចំនួន ដូចជាកម្មាភិបាលបក្សដែលជាថ្នាក់ដឹកនាំនៅថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រី ឬកម្មាភិបាលវ័យក្មេងដែលមានសក្តានុពល។
លោក កុង បាននិយាយបន្ថែមថា «ពួកគេ គឺជាអ្នកដឹកនាំនាពេលអនាគតដ៏មានសក្តានុពលជាមួយនឹងទស្សនវិស័យដ៏អស្ចារ្យសម្រាប់ការផ្សព្វផ្សាយពីប្រទេសចិន»។
ដោយ៖ យា ចិន្តាខន្តី





