សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសណាក៏កាយភ្នំយកថ្ម ផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥–សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនមានតែកម្ពុជានោះទេដែលបានធ្វើសកម្មភាពគាស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម សូម្បីប្រទេសចិន និងប្រទេសជាច្រើនទៀតក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិកអាស៊ានក៏បានធ្វើសកម្មភាពកាយភ្នំយកថ្មផងដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២០ ឧសភានេះ សម្ដេចធិបតីបានពន្យល់អំពីការគាស់កកាយភ្នំដើម្បីយកថ្មដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានោះ គឺមានការគិតគូរយ៉ាងម៉ត់ចត់មុននឹងសម្រេចចិត្តកាយយកថ្មនេះ ដោយមិនមែនចេះតែធ្វើដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ ។
សម្តេចធិបតីមានប្រសាសន៍បន្តថា សកម្មភាពនៃការកកាយថ្មនេះ មិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍ យកមកអភិវឌ្ឍន៍ប្រទេស ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍អះអាងថា ការកកាយថ្មភ្នំនេះ ក៏ជាការរួមចំណែកមួយក្នុងការកាត់បន្ថយនាំចូលស៊ីម៉ង់ត៍គ្រួស ថ្ម និងខ្សាច់ពីក្រៅប្រទេសផងដែរ ។
សម្តេចធិបតីគូសបញ្ជាក់ថា “សួរថា ហេតុអ្វីបានជាកម្ពុជាត្រូវធ្វើរោងចក្រផលិតស៊ីម៉ង់ត៍ ។ មានបងប្អូនខ្លះលើកឡើងថា ស្រុកខ្មែរវ៉ៃខ្ទេចហើយភ្នំ មានអ្នកខ្លះគេនិយាយថា ស្រុកចិន គេថែទាំងអស់ភ្នំ ភ្នំគេដាំសុទ្ធតែបន្លែ មានតែភ្នំខ្មែរវ៉ៃយកថ្ម ។ ខ្ញុំវាយតាមហ្គូលហ្គោល ឃើញចិនសុទ្ធតែរណ្តៅថ្ម។ បើគាត់ទៅថតភ្នំដែលធ្វើកសិកម្ម ត្រូវហើយ ឃើញគេដាំដើមឈើលើនុងហើយហើយ ។ យើងទៅថតរតនគិរី មណ្ឌលគិរីកន្លែងគេដាំចេកក៏ឃើញដែរ ។ ខ្ញុំឆែកនៅក្នុងប្រទេសអាស៊ានទាំង១០គ្មានប្រទេសណាមួយអត់ធ្វើរ៉ែទេ សូម្បីតែសាំងហ្គាពួរប្រទេសតូចក៏មានធ្វើអាជីវកម្មរ៉ែដែរ” ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលឹកថា កាលពីឆ្នាំ១៩៦១ កម្ពុជាធ្លាប់មានរោងចក្រផលិត ស៊ីម៉ងត៍ ដែលផលិតបានច្រើន និងមានគុណភាព ប៉ុន្តែដោយមានសង្គ្រាមកើតឡើងបានបំផ្លិតបំផ្លាញរោងចក្រ តែក្រោយបញ្ចប់សង្គ្រាម រោងចក្រផលិតស៊ីម៉ង់ត៍ក៏បានងើបឡើងវិញ ហើយក៏ដួលទៅវិញ ទើបតែនៅឆ្នាំ២០០៧ វិស័យនេះក៏បានរីកចម្រើនបន្តិចម្ដងៗរហូតមានសមត្ថភាពនាំចេញទៅក្រៅប្រទេសរហូតមកដល់សព្វថ្ងៃ ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





