កងទ័ពកម្ពុជា-ចិនធ្វើកម្មវិធីសប្បុរសធម៌ចែកសម្ភារសិក្សាដល់សិស្សានុសិស្ស និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងអំឡុងពេលធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ក្នុងឱកាសធ្វើលំហាត់សមយុទ្ធនាគមាសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ចិនបានរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅអនុវិទ្យាល័យតាំងខ្មៅ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពពាម ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្រាប់កម្មវិធីសប្បុរសធម៌ចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ក្រុមការងារកម្ពុជា-ចិនបានចែកជូនសម្ភារមួយចំនួនដូចជា សម្ភារសិក្សា និងសម្ភារកីឡា ដែលសកម្មភាពនេះបង្ហាញនូវក្តីស្រឡាញ់ពីសំណាក់កងទ័ពរំដោះប្រជាជនចិន ចំពោះយុវជន និងកុមារកម្ពុជា។

ដោយឡែកការងារសុខាភិបាល ក្រុមការងារកម្ពុជា-ចិនបានពិនិត្យជំងឺជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ និងជំងឺច្រើនមុខ ដូចជា ជំងឺបេះដូង ជំងឺសរសៃប្រសាទ ជំងឺវះកាត់សរសៃប្រសាទ ជំងឺដង្ហើម ជំងឺវះកាត់បេះដូង និងទ្រូង ជំងឺក្រពះ និងពោះវៀន ជំងឺកន្សោមដោះ ជំងឺវះកាត់ទូទៅ ជំងឺកុមារ និងជំងឺឆ្លងមេរោគជាដើម៕



ដោយ សំ សាម៉ន





