សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តស្វាគមន៍ និងផ្តល់កិច្ចសហការជានិច្ច ចំពោះគម្រោងវិនិយោគដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហការ ប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងស្ថាប័នសមត្ថកិច្ច អាជ្ញាធរដែនដី ត្រូវសហការគ្នា អនុវត្តម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្ម រ៉ែ អនាធិបតេយ្យ គ្រប់រូបភាព ។
ក្នុងនោះ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ក្នុងការវិនិយោគផលិតផលស៊ីម៉ងត៍ សម្តេចធិបតី បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសមាគមន៍ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តខិតខំស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន ។

ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតី បានអំពាវនាវដល់វិនិយោគិន ឱ្យជ្រើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជា រក្សាបានននូវភាគលាភនៃសុខសន្តិសភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "រាជរដ្ឋាភិបាល និងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហការ ប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន ចីរភាព បរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០"៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





