សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ប.ទ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ក្នុងគោលបំណងផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋជូនគ្រប់អង្គភាពប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងការអនុវត្ត និងធានាអនុលោមភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសសំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងនីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬហៅកាត់ថា SARMIS ដែលប្រព័ន្ធនេះត្រូវបានប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា កន្លងមក គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំអំពីរបៀបនៃការប្រើប្រាស់ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចំនួន២លើករួចមកហើយ។ ដោយឡែក សិក្ខាសាលានឹងផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗចំនួន៣ ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមាន៖ ១. ការពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ២. លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និង៣. នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា សិក្ខាសាលានេះមានភាពខុសប្លែកពីការរៀបចំលើកមុនៗ ដោយហេតុថា ក្រុមការងារលេខាធិការដ្ឋានបានសម្រួច និងដកស្រង់បទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែង ដែលបាន និងកំពុងអនុវត្តផ្ទាល់ ដើម្បីយកមកពិភាក្សា ដាក់ចេញជាផែនការសកម្មភាព និងស្រាយបំភ្លឺនូវរាល់ចម្ងល់របស់អង្គភាពប្រើប្រាស់ បន្ទាប់មកនឹងដាក់ចេញរួមគ្នានូវទិសដៅអនុវត្តការងារ សម្រាប់ជំហានបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមករបស់ក្រុមការងារ គ.ប.ទ. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលជាស្ថាប័ននិម្មាបនករ តែងតែផ្តល់កិច្ចសហការខ្ពស់ និងជិតស្និទ្ធជាមួយក្រុមការងារ គ.ប.ទ. ក្នុងទិសដៅជំរុញការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួងប្រកបដោយវឌ្ឍនភាពគួរជាទីមោទនៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានក្រើនរំលឹក និងផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ការកសាងសមត្ថភាព និងពង្រឹងភាពជាម្ចាស់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសជំរុញការអនុវត្តក្របខ័ណ្ឌបទដ្ឋានគតិយុត្ត ក៏ដូចជាគោលការណ៍នានា សំដៅធានាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបង្គោល តំណាងគ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ៣០០រូប៕
ដោយ ទូច វលក័្ខណ





