ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនការយល់ដឹងអំពីមេរោគអេដស៍ គ្រឿងញៀន ដល់មន្ត្រីក្រោមឱវាទ
AKP បន្ទាយមានជ័យថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥--ឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពីមេរោគអេដស៍និងជំងឺអេដស៍ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តម សេន ស៊ីហ៊ត់ បានមានប្រសាសន៍ក្រើនរម្លឹក និងសង្កត់ធ្ងន់លើសារសំខាន់នៃការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក៏ដូចជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន ដែលកំពុងក្លាយជាបញ្ហាសង្គមដ៏ចម្បងមួយ។

ឯកឧត្តម សេន ស៊ីហ៊ត់ បានលើកឡើងថា "ការអប់រំ និងការយល់ដឹងត្រឹមត្រូវអំពីមេរោគអេដស៍ និងជំងឺអេដស៍ គឺជាកិច្ចការចាំបាច់ណាស់សម្រាប់បុគ្គលគ្រប់រូប ជាពិសេសមន្ត្រីរាជការដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ការយល់ដឹងនេះ នឹងជួយឱ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន និងក្រុមគ្រួសារ ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះនៅក្នុងសង្គមរបស់យើង"។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលវិបាកដ៏មហន្តរាយនៃការប្រើប្រាស់គ្រឿងញៀន ដែលមិនត្រឹមតែបំផ្លាញសុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងអនាគតរបស់យុវជនផងដែរ។
ឯកឧត្តមបានបន្ថែមថា "គ្រឿងញៀនគឺជាឃាតករលាក់មុខ ដែលសម្លាប់យុវជន និងបំផ្លាញគ្រួសារ។ ការចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺជាកាតព្វកិច្ចរួមរបស់យើង។ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសយុវជន សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ហើយងាកមកកសាងជីវិត និងអនាគតឱ្យភ្លឺស្វាងវិញ"។
កម្មវិធីអប់រំនេះ បានផ្តល់នូវចំណេះដឹងដ៏សំខាន់ និងទូលំទូលាយអំពី មេរោគអេដស៍ វិធីការពារ ការរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍ និងផលប៉ះពាល់គ្រប់ជ្រុងជ្រោយនៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សេន ស៊ីហ៊ត់ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះសុខុមាលភាព និងការអប់រំរបស់មន្ត្រីក្រោមឱវាទ។

មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលបានចូលរួមក្នុងកម្មវិធីនេះ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំកម្មវិធីដ៏មានប្រយោជន៍នេះ។ ពួកគេបានប្តេជ្ញាចិត្តថានឹងយកចំណេះដឹងដែលទទួលបាន ទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ ដើម្បីរួមចំណែកក្នុងការកសាងសង្គមមួយដែលគ្មានមេរោគអេដស៍ និងគ្រឿងញៀន៕
ដោយ៖ ឈុនសារ៉ាត





