ឯកឧត្តម នេត្រ ភក្ត្រា រម្លឹកឡើងវិញនូវផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ និង ផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងរម្លឹកឡើងវិញថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានបោះជំហានចេញពីផែនការសកម្មភាព មកជាការអនុវត្តផ្ទាល់ នោះបានចាប់ផ្តើមពីឯកសារសំខាន់ៗចំនួនពីរដែលក្រសួងបានចេញ ទី១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ និងទី២. ផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៥-២០២៨” ដែលឈរលើមូលដ្ឋាននៃផែនការយុទ្ធសាស្រ្ត មានន័យថាជាផែនទីបង្ហាញផ្លូវសម្រាប់ឲ្យក្រសួងព័ត៌មាន បំពេញឲ្យបានល្អរហូតដល់ឆ្នាំ២០២៨ ដើម្បីធ្វើការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍បានកាន់តែរីកចម្រើនបន្ថែមទៀត។

ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រីបែបនេះឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូង ដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និង វិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា កាល ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានធ្វើផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្តន៍ និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវ បានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារ និងការផលិត ។

ឯកឧត្តមរដ្ឋមន្រ្តីចំពោះផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៥-២០២៨ គឺមានវិសាលភាពសម្រាប់អនុវត្តន៍ចំពោះមន្ត្រីរាជការក្រសួងព័ត៌មាន ដោយផ្តោតលើការបណ្តុះបណ្តាលកម្រិតជំនាញវិជ្ជាជីវៈថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រី។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបាន បង្កើតដើម្បីដឹកនាំ និងតម្រង់ទិសដល់ការ សិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងវិភាគ ផ្តល់យោបល់ និងផ្តល់ទស្សនាទានលើបញ្ហាប្រឈម និងឱកាសផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីពង្រីកសក្តានុភាព តាមរយៈការរៀបចំកម្មវិធី/សកម្មភាពឆ្លើយតបនឹងតម្រូវការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ក្នុងឱកាដនោះឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា តាមរយៈផែនការយុទ្ធសាស្ត្រនេះ ក្រសួងព័ត៌មាន រំពឹងថានឹងសម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រចំនួន៥ គឺទី១. កំណែទម្រង់ការគ្រប់គ្រង និងដំណើរការការងាររដ្ឋបាលដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពការងារ, ទី២. ការកំណត់បទដ្ឋានច្បាប់/ គតិយុត្ត និងបទដ្ឋានបច្ចេកទេសព្រមទាំងប្រព័ន្ធវាយតម្លៃការងារ, ទី៣. ការកសាង និងអភិវឌ្ឍន៍សមត្ថភាពជំនាញគ្រប់គ្រងដឹកនាំ និងជំនាញបច្ចេកទេស, ទី៤. ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដោយផ្អែកលើមូលដ្ឋាននៃការផ្ដល់ព័ត៌មានទូលំទូលាយ និងទាន់សភាពការណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព និងទី៥. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម៕
ដោយ៖ រិទ្ធី រូបថត៖ ឡុង ដេវីត





