ឯកឧត្តម ជុន វ៉ាត ប្រគល់ពានរង្វាន់សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងប្រកាសបេក្ខជនឆ្នើមចំនួន២០រូប ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ (Cambodia National Cybersecurity Competition 2025) បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៨ម៉ោង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
កម្មវិធីនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក.ប.ទ. ក្នុងគោលបំណងជ្រើសរើសបេក្ខភាពឆ្នើមចំនួន៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដោយជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២ ០០០ ០០០ រៀល ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១ ៥០០ ០០០ រៀល ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១ ០០០ ០០០ រៀល ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ០០០ រៀល និង ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ០០០ រៀល។


កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





