ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) ថា "ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ យើងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេវាស៊ីវិលនៅទូទាំងតំបន់ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមភ្នាក់ងាររបស់យើង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអភិបាលកិច្ចល្អ។


ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គលេខាធិការ បានបន្តថា កិច្ចខិតខំប្រឹងប្រែងជំនួយទៅវិញទៅមករបស់យើងបាន ជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋសមាជិក។ រាល់កិច្ចប្រជុំ និងសិក្ខាសាលា គណៈប្រតិភូបានចែករំលែកចំណេះដឹង និងគាំទ្រគ្នាទៅវិញទៅមកបង្កប់នូវស្មារតីអាស៊ាន។ គោលដៅ ACCSM ដើម្បីទ្រទ្រង់សេវាកម្មសាធារណៈ ដែលផ្តោតលើប្រជាពលរដ្ឋ និងរំលឹកយើងថា សមិទ្ធផលទាំងអស់នេះត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។


ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពដែលបានអនុវត្តកន្លងមក រួមជាមួយការបង្ហាញពីផែនការសកម្មភាពនានាដែលកម្ពុជានឹងដឹកនាំរៀបចំ ក្នុងនាមជាប្រធាន។ ទន្ទឹមនេះ កិច្ចប្រជុំទទួលបានការធ្វើរបាយការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើកិច្ចការដែលបាន និងកំពុងអនុវត្តព្រមទាំងមានការចូលរួមធ្វើបង្ហាញពីដៃគូសន្ទនាតាមប្រព័ន្ធអនឡាញផងដែរ។ លើសពីនេះ កិច្ចប្រជុំបានរៀបចំបទបង្ហាញ និងការចូលរួមជាមតិយោបល់នានា សំដៅដល់ការរៀបចំផែនការសកម្មភាព ACCSM &ACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលការងារនេះ ជាការដឹកនាំដោយកម្ពុជា ដោយមានគាំទ្រ និងបំពេញឱ្យគ្នាទៅវិញទៅមកដោយអគ្គលេខាធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានអញ្ជើញបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើកទី២៣ និងដឹកនាំរៀបចំ «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះជាការត្រៀមលក្ខណៈឆ្ពោះទៅការរៀបចំការងារបន្តដែលកម្ពុជា កំពុងធ្វើជាប្រធានសម្រាប់ឆ្នាំ២០២៤-២០២៦៕
ដោយ ងូ សុមុនី





