លោក ឆយ យ៉ុងសុក លើកទឹកចិត្តដល់គ្រូតេក្វាន់ដូ WT ឆ្នើមៗ ១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥--
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានជួបសំណេះសំណាលលើកទឹកចិត្ត និងចែកអំណោយឈុតហ្វឹកហាត់កីឡាតេក្វាន់ដូ WT ដល់គរុសិស្សឆ្នើមៗចំនួន ១៦នាក់ និងអាវយឺតដល់មន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាអំណោយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោកស្រី កែវ មនោរម្យ បានលើកឡើងថា កីឡាតេក្វាន់ដូWT ជាប្រភេទកីឡាមួយក្នុងមុខវិជ្ជានៃការសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។ នេះជាចំណែកមួយក្នុងការអភិឌ្ឍវិស័យកីឡារបស់យើង ហើយលោកស្រីសង្ឃឹមថា ចំណេះដឹងដែលគនុសិស្សសិក្សាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាផ្នែកកីឡាតេក្វាន់ដូWT នឹងយកទៅប្រើប្រាស់ និងបង្ហាត់បង្ហៀនសិស្សានុសិស្សនៅតាមសាលារៀនរបស់ខ្លួន។

នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានបន្ថែមថា គរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន៨០ នាក់ យើងបានចម្រាញ់រកត្រឹមតែ ១៦នាក់ ដែលសិស្សឆ្នើមនឹងត្រូវត្រៀមខ្លួនប្រឡងឡើងខ្សែក្រវាត់ពណ៌ខ្មៅនាពេលខាងមុខនេះ។ លោកស្រីបានថ្លែងអំណរគុណដល់លោក ឆយ យ៉ុងសុក ដែលតែងតែជួយឧបត្ថម្ភដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ជាមួយគ្នានេះ លោក ធឿន ចន្ថន គ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាលើមុខវិជ្ជាតេក្វាន់ដូWT បានគូសបញ្ជាក់ថា ថ្ងៃនេះ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon បានរៀបចំវគ្គពិសេសមានគរុសិស្សចំនួន ១៦ នាក់ ដែលជ្រើសរើសចេញពីក្នុងចំណោមគរុសិស្សចំនួន ៨០នាក់ ហើយការហ្វឹកហាត់នេះក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

គ្រូបង្វឹករូបនេះបន្ថែមថា តាមរយៈការហ្វឹកហាត់តេក្វាន់ដូ WT រយៈពេល២ឆ្នាំរបស់គ្រូបង្វឹកអប់រំកាយ និងកីឡាទាំង១៦នាក់នឹងត្រូវប្រឡងឡើងខ្សែក្រវាត់ខ្មៅ នាពេលខាងមុខឆាប់នេះ ហើយពួកគាត់នឹងក្លាយជាធនធានគ្រូបង្វឹក ក្នុងការចែករំលែកចំណេះដឹងបន្តទៅដល់សិស្សានុសិស្ស ឬសិស្សគុនរបស់ខ្លួន នៅតាមមូលដ្ឋានសាលារៀននៃរាជធានីខេត្តរៀងៗខ្លួន ពីព្រោះពួកគាត់ស្ថិតក្នុងក្របខណ្ឌជាគ្រូអប់រំកាយ និងកីឡារួចហើយ៕
ដោយ ហេង ណា





