សហព័ន្ធបាល់ទាត់លើតុអន្តរជាតិសន្យាផ្តល់ជំនួយបច្ចេកទេស ខណៈកម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិបានគាំទ្រ និងសន្យាពង្រឹងកិច្ចសហការជាមួយភាគីកម្ពុជា ក្នុងការផ្ដល់នូវជំនួយបច្ចេកទេស ការបណ្ដុះបណ្ដាល និងសម្ភារផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស សម្រាប់ត្រៀមចូលរួមការប្រកួតនានា ជាពិសេសក្នុងឱកាសដែលកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

ជំនួបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តម វ៉ាត់ ចំរើន និងលោក Gabor Borsanyi ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ (Teqball) និងប្រតិភូ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់ ស្ដីពីការជំរុញការអភិវឌ្ឍវិស័យកីឡានេះនៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានផ្តល់ខ្លឹមសារថា ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិបានបង្ហាញឆន្ទៈរួមគ្នា ក្នុងកិច្ចសហការប្រតិបត្តិ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមចូលរួមសកម្មភាព ប្រកួតនានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា កិច្ចប្រជុំនេះបានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នាជាមួយលទ្ធផលវិជ្ជមាន ដោយភាគីទាំងសងខាងបានយល់ស្របលើចំណុចជាច្រើន ក្នុងការពួតដៃគ្នា ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុនៅកម្ពុជា ដែលជាប្រភេទកីឡាថ្មីមួយ ត្រូវនឹងចំណង់ចំណូលចិត្តរបស់យុវជន សម្រាប់ផ្នែកកីឡាលេងជាមួយបាល់។

ជាលទ្ធផលនៃកិច្ចប្រជុំនេះបានឯកភាព និងយល់ស្របគ្នាលើចំណុចសំខាន់ៗមួយចំនួន ដូចជា ៖១. ផែនការអភិវឌ្ឍ៖ ការបណ្ដុះបណ្ដាល និងបញ្ជ្រាបសកម្មភាពលើកីឡាបាល់ទាត់លើតុ តាមស្ថាប័នគ្រប់គ្រងកីឡា និងសាលារៀនានា។ ការងារនេះ សហព័ន្ធបាល់ទាត់លើតុអន្ដរជាតិ នឹងធ្វើការផ្ទាល់ជាមួយសហព័ន្ធជាតិ ដើម្បីផ្ដល់នូវសម្ភារ និងការបណ្ដុះបណ្ដាលដល់មន្ដ្រីបច្ចេកទេសជាដើម។ ២.សហព័ន្ធ Teqball អន្ដរជាតិសន្យាផ្ដល់នូវការចូលរួម និងការអភិវឌ្ឍធនធានមនុស្ស កីឡាបាល់ទាត់លើតុដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលជាចំណុចសំខាន់ និងយល់ស្របគ្នា ក្នុងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យទទួលបានជោគជ័យ និងមានការអភិវឌ្ឍពេញលេញ។ ៣.ការផ្លាស់ប្ដូរ បច្ចេកទេសទៅវិញទៅមក និងចង់ឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ ក្នុងនោះសហព័ន្ធកីឡា Teqball អន្ដរជាតិ ក៏បានសន្យាជួយជំរុញ និងអភិវឌ្ឍ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានកីឡា សហព័ន្ធជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺបានយល់ស្របគ្នា ក្នុងរការបង្កើតនូវផែនការយុទ្ធសាស្ដ្រមួយ សម្រាប់យើងរៀបចំផែនការសកម្មភាពក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់លើតុ និងកីឡាបាល់ទះលើតុនេះឱ្យមានភាពជាក់លាក់ ហើយយើងនឹងរៀបចំឱ្យមានគ្រូបង្វឹក រៀបចំពីកម្មវិធីហ្វឹកហាត់ ក៏ដូចជាគរុកោសល្យក្នុងការបង្ហាត់នៅកីឡាបាល់ទាត់លើតុនេះ សម្រាប់រាយការណ៍ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងការស្នើសុំការគាំទ្រផ្នែកច្បាប់ និងការជំរុញដល់ដំណើការអភិវឌ្ឍន៍ជំនាញកីឡានេះនៅកម្ពុជាផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





